​សាររបស់អគ្គលេខាធិការ

Message_GS

សាររបស់ឯកឧត្តមអគ្គលេខាធិការ

     នៅក្នុងពិភពលោកដែលប្រកបដោយការប្រកួតប្រជែង និងមិនលើកលែងឲ្យការគ្មានប្រៀប យើងត្រូវការកម្លាំងចលករដែលធ្វើការកាន់តែច្រើននិងកាន់តែល្អសម្រាប់រយៈពេលដូចគ្នា។ វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាត្រូវបានគេមើលឃើញ និងប្រើប្រាស់ជាប្រភពលម្លាំងចលករដែលមិនចេះរីងស្ងួត និងមិនមានព្រំដែនដើម្បីយកឈ្នះការប្រកួតប្រជែងសម្រាប់ការរស់រាន និងការរីកចម្រើន។ យ៉ាងនេះក្តីអាស្រ័យដោយមានភាពមិនច្បាស់លាស់ នៃលទ្ធផលរបស់ការស្រាវជ្រាវក្នុងរយៈពេលខ្លីនិងតម្រូវការក្នុងបរិមាណច្រើននៃការវិនិយោគលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការអភិវឌ្ឍផ្នែកនេះឲ្យបានជោគជ័យ ទាមទារឆន្ទៈមុតស្រួចរបស់ប្រមុខរាជរដ្ឋាភិបាល និងការអនុវឌ្ឍឲ្យបានត្រឹមត្រូវនៃមន្ត្រីជំនាញ។

     យើងពិតជាមានសេចក្តីរីករាយ និងមោទនភាពជាអនេក ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានទស្សនៈវិស័យវែងឆ្ងាយ និងមានឆន្ទៈដ៏មុះមុតក្នុការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដោយបាមគាំទ្ឬកិច្ចការនេះ ទាំងកម្រឹតក្របខណ្ឌនយោបាយ រហូតដល់គាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការអនុវត្ត។ជាកិច្ចបន្តគឺមន្ត្រីជំនាញត្រូវអនុវត្តឲ្យបានជោគជ័យ នូវឆន្ទៈដ៏ថ្លៃថ្លានេះ។

     ការសម្រេចភារកិច្ចដែលប្រកបដោយកត្តាប្រឈបនេះឲ្យបានជោគជ័យ ទាមទារនូវការចូលរួម ការគាំទ្រ ការសហការ និងការខិតខំប្រឹងប្រែង ប្រកបដោយសុឆន្ទៈពីគ្រប់មជ្ឈដ្ឋាន ចាប់ពីអ្នកប្រាជ្ញវិទ្យាសាស្ត្រ សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ អ្នកបច្ចេកទេស អ្នកគ្រប់គ្រង រហូតដល់អ្នកបំពេញភារកិច្ចគាំទ្រដ៏ទៃទៀត និងប្រជាជនទូទៅផងដែរ។

     ខ្ញុំសង្ឍឹមយ៉ាងមុតមាំថា យើងនិងរួមសាមគ្គីគ្នាដើម្បីសម្រេចឲ្យបាននូវឆន្ទៈដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីសង្គម-សេដ្ឋកិច្ចមានការរីកចម្រើនឆាប់រហ័សនិងគុណភាពនៃជីវិត របស់យើងទាំងអស់គ្នាកាន់តែប្រសើរឡើង។

រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧
អគ្គលេខាធិការ
អគ្គលេខាធិការដ្ឋាន ក.ជ.វ.ប.

Message_GS

ហាស់ ប៊ុនថ្ថន