គ្រប់ប្រទេសជាតិដែលមានការអភិវឌ្ឍខ្ពស់ ដូចជា ប្រទេសអាមេរិក ប្រទេសអាល្លឺម៉ង់ ប្រទេសបារាំង ។ល។ មានមោទនភាពដោយការបង្កើតស្នាដៃផ្នែកវិទ្យាសាស្រ្តជាច្រើន ដែលធ្វើឱ្យគេត្រូវបានទទួលស្គាល់ថាជាប្រទេសរុងរឿងក្នុងលោក។ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍គឺជាកម្លាំងជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជាតិសាសន៍មួយដែលគ្មានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឬត្រូវពឹងផ្អែកលើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសដទៃ គឺជាជាតិសាសន៍ដែលដើរតោងក្រោយគេ ពឹងលើគេ និងមិនមានជំហរខ្លួនឯងពិតប្រាកដ។
វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ផ្សាភ្ជាប់ជាមួយទំនើបកម្ម ហើយវាគឺជាឧបករណ៍សំខាន់សម្រាប់ការអភិវឌ្ឍឲ្យបានឆាប់រហ័ស។ ឧបករណ៍ទំនើបសម្រាប់សម្រួលកិច្ចការ និងការរស់នៅរបស់មនុស្សគឺជាលទ្ធផលនៃការរកឃើញនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។ គ្រឿងយន្ត អគ្គិសនី យន្តហោះ ទូរទស្សន៍ ទូរសព្ទ កុំព្យូទ័រ មធ្យោបាយ និងដំណោះស្រាយនានាមិនអាចត្រូវបានបង្កើតដោយគ្មានការរកឃើញនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ឡើយ។
វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ក៏មានសារៈសំខាន់ខ្លាំងផងដែរនៅក្នុងការផលិតថ្នាំនិងការព្យាបាលជំងឺ។ ប្រទេសជាតិមួយដែលខ្វះវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចាំបាច់នៅក្នុងវិស័យនេះនឹងត្រូវពឹងផ្អែកលើប្រទេសដែលមានការអភិវឌ្ឍផ្នែកនេះផ្សេងទៀតសម្រាប់អត្ថិភាពនៃប្រជាជនរបស់ខ្លួន និងខ្លួនឯងផ្ទាល់។ ប្រទេសមួយបែបនេះមិនអាចត្រូវបានគេចាត់ទុកថាមានឯករាជ្យទាំងស្រុងទេ ព្រោះត្រូវអាស្រ័យលើទឹកចិត្តឬតាមតែការគិតឃើញនៃប្រទេសផ្សេងទៀតដែលមានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាផ្នែកនេះដើម្បីរស់នឹងគេ ។
ការអភិវឌ្ឍនៃប្រទេសមួយអាស្រ័យលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ដែលជាតិសាសន៍នៃប្រទេសនោះមាន ឬត្រូវរង់ចាំគេឲ្យ។ ប្រជាជាតិដែលមានភាពរឹងមាំនិងខ្លាំងក្លាគឺជាប្រជាជាតិមួយដែលមានបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីធ្វើឱ្យប្រជាជនរបស់ខ្លួនមានផាសុកភាព និងអនុភាព។ ប្រទេសជាតិដែលគ្មានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាក៏ពិបាកនឹងចិញ្ចឹមប្រជាជនរបស់ខ្លួនបាន ដោយសារតែវិស័យកសិកម្មក៏ត្រូវការវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាសម្រាប់ផលិតម្ហូបអាហារឲ្យបានគ្រប់គ្រាន់ ។
ប្រទេសកម្ពុជាវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍន៍របស់ខ្លួនក្នុងការចែករំលែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបំណងជម្នះពេលវេលាដែលត្រូវបានខ្ជះខ្ជាយក្នុងរយៈពេលនៃសោកនាដកម្មរបស់ខ្លួន។ អាស្រ័យដោយធនធានមានកម្រិត ជាការចាំបាច់ យើងត្រូវ អភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយខិតខំប្រឹងប្រែងព្រមគ្នា និងផ្តោតលើទិសដៅរួមមួយ។ ក្នុងន័យនេះកម្ពុជាវាយតម្លៃខ្ពស់ចំពោះការគាំទ្រនៃសាធារណរដ្ឋកូរ៉េដែលបានចាប់ផ្ដើមជួយក្នុងការអភិវឌ្ឍផែនការមេជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឆ្នាំ២០១៤-២០២០ ដោយផ្តោតទៅលើការបង្កើតឲ្យមានមូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាប្រព័ន្ធ, ធ្វើឲ្យកាន់តែមានអំណោយផលនូវបរិយាកាសនៃការអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា, បង្កើតឲ្យមានសមត្ថភាពស្រាវជ្រាវនិងអភិវឌ្ឍ, និងពង្រឹងសមត្ថភាពឧស្សាហកម្មស្នូលផ្អែកលើវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាជាមូលដ្ឋាន។
វ៉េបសាយនេះគឺជាការប៉ុនប៉ងមួយដើម្បីផ្តល់ព័ត៌មានអំពីកិច្ចការជំរុញនិងសម្របសម្រួលការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាកិច្ចការស្នូលរបស់អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា។